ព័ត៌មានជាតិ

កម្ពុជាស្វាគមន៍ កំណើតកូនផ្សោតទី២ នៃឆ្នាំ២០២៦ ចាប់កំណើតនៅក្រចេះ

ភ្នំពេញ ៖ កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩និង៥០នាទីព្រឹក នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះ មានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំ ដែលមានចំនួនប្រាំពីរក្បាល ។ ក្នុងនោះនៅជាមួយផ្សោត ពេញវ័យលេខ៨១ ។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គ នៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។

ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំ ដែលរៀបចំធ្វើនៅក្រុងក្រចេះនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផល នៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

To Top