ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាមទារការចូលរួមអន្តរវិស័យ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកការងារ ព្យាបាល និងស្ដានីតិសម្បទាអ្នកញៀន គ្រឿងញៀនបានគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវការទាមទារឱ្យមាន ការចូលរួមពីគ្រប់អន្តរវិស័យ។

ការលើកឡើងរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងរបាយការណ៍សង្ខេបស្តីពីដំណើរ ការសៀវភៅនិយាមនីតិប្រតិបត្តិ សម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ការបង្កើត និយាមនីតិប្រតិបត្តិនេះ មានគោលបំណង ដើម្បីប្រើប្រាស់ជាឧបករណ៍ ក្នុងការធានា ដល់ការបម្រើសេវាក្នុងមជ្ឈមណ្ឌល មានលក្ខណៈគ្រប់ជ្រុង ជ្រោយប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រាប់តម្រង់ទិសដល់មជ្ឈមណ្ឌល ដែលកំពុងដំណើរការ ហើយមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឱ្យធ្វើការកែលម្អ ឱ្យស្របទៅតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្រ្ត និងមានវិសាលភាពអនុវត្ត ចំពោះមជ្ឈមណ្ឌលទាំងរដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសមាគម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល និង គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀន គ្រឿងញៀន នឹងធ្វើការបណ្តុះបណ្ដាល រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា រាជធានី ខេត្ត អ្នកគ្រប់គ្រងមជ្ឈមណ្ឌលរបស់រដ្ឋ ឯកជន ទាំងអស់ឱ្យបានយល់ ពីការរៀបចំមជ្ឈមណ្ឌលស្របតាម «និយាមនីតិវិធីសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន» នេះឱ្យមានប្រសិទ្ធភាព ៕

To Top