ព័ត៌មានជាតិ

លោក កែវ រ៉េមី នឹងបង្ហាញស្ថានភាពពិត នៃព្រំដែនកម្ពុជា-ថៃ ប៉ះពាល់ដល់សិទ្ធិមនុស្ស

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស ជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធចំនួន២៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដែនកម្ពុជា-ថៃ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូកម្ពុជា នឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធចំនួន២៩ ដែលរួមមាន ប្រទេសសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ ពិសេសទទួលបន្ទុកវិស័យសិទ្ធិនានា ដើម្បីបង្ហាញពីស្ថានភាពពិតជាក់ស្តែង នៃព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។

បន្ថែមលើនេះ បេសកកម្មនេះ ក៏ឆ្លុះបញ្ចាំងពីជំហរឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាព តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើកម្លាំងអាវុធ តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕

To Top