ព័ត៌មានជាតិ

សមាគមភោជនីយដ្ឋានកម្ពុជា ប្តេជ្ញាចូលរួមជាមួយ ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាព សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

ភ្នំពេញ៖ សមាគមភោជនីយដ្ឋានកម្ពុជា (CRA) ប្តេជ្ញាចូលរួម ជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន លើសេវាកម្មភោជនីយដ្ឋាន ដើម្បីលើកកម្ពស់គុណភាព សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា និងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់ នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាព ប្រកួតប្រជែងក្នុងតំបន់ នៅទីស្តីការក្រសួងទេសចរណ៍ ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, សមាជិក សមាជិកនៃសមាគមភោជនីយដ្ឋានកម្ពុជា សរុបចំនួន ៨០នាក់។

ក្នុងនោះលោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ ចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។

ឆ្លៀតក្នុងឱកាសលោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យមានការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

ក្រោយពីលោករដ្ឋមន្រ្តី បានស្តាប់សេចក្តីរាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមទេសចរណ៍កម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក លោករដ្ឋមន្ត្រី បានណែនាំឱ្យសមាគម ត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំង ក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។

លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំ ជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាព ក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។

បន្ថែមលើនេះលោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែម អំពីការពង្រឹសមត្ថភាព និងពង្រីកសាខា របស់សមាគមភោជនីយដ្ឋានកម្ពុជាបន្ថែម​ ទៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយទេសចរណ៍ម្អូបអាហារកម្ពុជា ទៅកាន់ទៅផ្សារអន្តរជាតិ ឱ្យបានកាន់តែទូលំទូលាយ ពោលគឺការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមាន ឱ្យកាន់តែខ្លាំងបន្ថែមទៀត៕

To Top