សាស្ត្រាចារ្យ ឈាង រ៉ា ៖ ជំនួយអគារមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ នឹងក្លាយជានិមិត្តរូប នៃក្តីសង្ឃឹម
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបង្ហាញការជឿជាក់ថា គម្រោងជំនួយអគារ មិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិកំពុងដំណើរការសាងសង់ នឹងក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម មេត្តា និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-កូរ៉េ ដោយមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលជីវិតកុមារជាច្រើន នឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្ស ជាច្រើននឹងត្រូវបានបង្កើតឡើង។

ក្នុងឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមាន ៖ ទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងសមធម៌ សំដៅធ្វើឱ្យសុខភាពកុមារ ប្រកបដោយសុខភាព និងសុខុមាលភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាតិ និងឯកជនទាំងអស់ត្រូវយកចិត្តទុក ពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ , អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ , គ្រប់គ្រង និងថែទាំអគារ និងបរិក្ខារថ្មីទើបសាងសង់រួចឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើប្រយោជន៍សាធារណៈជនិរន្តរភាព , គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវអនុវត្តស្របទៅតាមច្បាប់ និងមានការចុះបញ្ជិកាត្រឹមត្រូវ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត ។

សូមបញ្ជាក់ថា អគារមន្ទីរពេទ្យ បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ មាន ៥ជាន់ (រាប់ទាំងជាន់ក្រោមដី) ។ គិតជាផ្ទៃក្រឡាសរុបស្មើ នឹង ៩,០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារផ្សេងៗគ្នា ។

សូមគូសបញ្ជាក់ដែរថា ក្នុងរយៈពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សមិទ្ធផលសុខាភិបាល ជាច្រើនត្រូវបានលេចចេញ ជារូបរាងឡើងដូចជា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព កាលពីខែតុលា ឆ្នាំ២០២៣ , មន្ទីរពេទ្យតេជោសែនកោះធំ កាលពីខែមីនា ឆ្នាំ២០២៤ , អគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាខែមេសា ឆ្នាំ២០២៤ និងបើកការដ្ឋានសាងសង់អគារ វេជ្ជសាស្រ្តទំនើបចំនួន៣ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕





