រដ្ឋមន្ត្រី ហួត ហាក់៖ សម្តេចធិបតី ផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រសួងទេសចរណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ ដើម្បីស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ ដោយផ្តោតលើការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍ សម្រាប់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍ ។

ជាទិសដៅបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បានណែនាំឱ្យអង្គភាពជំនាញពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការរវាងអង្គភាព ក៏ដូចជាការសហការ ជាមួយដៃគូពាក់ព័ន្ធ ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការរួមចំណែកលើកកម្ពស់កិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានគុណភាព៕





