នាយឧត្តមសេនីយ៍ ស ថេត វាយតម្លៃខ្ពស់ ចំពោះកងកម្លាំង នគរបាលជាតិជានារី បានខិតខំបំពេញ ភារកិច្ចបម្រើជាតិ និងពលរដ្ឋ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង នគរបាលជាតិជានារីទាំងអស់ បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ដោយទឹកចិត្តអង់អាចក្លាហាន ឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ ដោយឈរលើគោលការណ៍សមធម៌ និងគុណាធិបតេយ្យ។

ទន្ទឹមនិងនេះ នាយឧត្តមសេនីយ៍ បានលើកទឹកចិត្ត ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិជានារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋដោយទឹកចិត្ត អង់អាចក្លាហាន ឆន្ទៈមោះមុត ស្មារតី ទទួលខុសត្រូវខ្ពស់ និងហ៊ានធ្វើពលិកម្មក្នុងបេសកកម្មរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ៕




