សម្តេចធិបតី ៖ ផែនការលើកទី១១ សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងក្លាយជាចលករសំខាន់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សម្រាប់ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅឆ្នាំ២០២៦នេះ នឹងបន្តជាកំលាំងចលករដ៏សំខាន់ ដើម្បីឈានបន្តទៅប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបានដាក់ចេញ១០លើកកន្លងមកដែលសម្រេចបានលទ្ធផលជោគជ័យ និងផែនការលើកទី១១ សម្រាប់ឆ្នាំ២០២៦នេះ នឹងបន្តជាកំលាំងចលករសំខាន់ ក្នុងការជំរុញចលនាជាតិនៅទូទាំងប្រទេសប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
សម្តេចធិបតីមានប្រសាសន៍ថា “ ខ្ញុំមានសុទ្ធិនិយមយ៉ាងមុតមាំថា ផែនការលើកទី១១ ឆ្នាំ២០២៦នេះ ដែលបានដាក់ចេញនិងប្រកាស ពីម្សិលមិញនឹងបន្តជាកំលាំង ចលករដ៏សំខាន់ ក្នុងការជំរុញចលនាជាតិនិងស្មារតីរួមទូទាំងប្រទេស ក្នុងការចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀនតាមគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់វិស័យ”។
សម្តេចធិបតីមានប្រសាសន៍បន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដែលបានឆ្លើយតបទាន់ពេលទៅនឹងភាពសកម្មឈ្មុសឈ្មុល របស់មន្រ្តីពាក់ព័ន្ធលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព៕
