ព័ត៌មានជាតិ

សម្តេចធិបតី ៖ Scams Online ក៏ជាបញ្ហា ដែលត្រូវសំអាតផ្ទះយើងដែរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្តេជ្ញាបោសសំអាត និងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ (Scams Online)ឱ្យបានស្អាតចេញពីកម្ពុជា ។

ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានបើកប្រតិបត្តិការ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាប់ជាប្រចាំគ្រប់អាណត្ដិ មិនមែនទើបតែធ្វើឡើងនោះទេ ។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “បញ្ហា Scams Online ក៏ជាបញ្ហាដែលត្រូវសំអាតផ្ទះយើងដែរ ។ បញ្ហានេះ ខ្ញុំសូមបញ្ជាក់ថា ការងារបង្ក្រាបទប់ស្កាត់ Scams Online មិនមែនជារឿងថ្មី សម្រាប់រាជរដ្ឋាភិបាលទេ ក្នុងយុទ្ធនាការប៉ុន្មានអាទិត្យនេះ ប៉ុន្តែរឿងនេះគឺយើងបានធ្វើតាំងពីអាណត្តិមុន” ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងលើកកម្ពស់សេដ្ឋកិច្ចស ពោលគឺការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ទៅតាមវិស័យកសិកម្ម ឧស្សាហកម្ម និងកាត់ដេរជាដើម ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការអនុវត្តកន្លងមក ចំពោះការលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរនោះ គឺទទួលបានលទ្ធផល្អប្រសើរ ជាទីគាប់ប្រសើរ ដែលបានធ្វើឱ្យពលរដ្ឋរីករាយនិងសប្បាយចិត្តគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១, ២២, ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,០៩០នាក់ (ស្រី ១៣៥នាក់) ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ ។ ក្នុងនោះមានករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

To Top