ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងយកចិត្តទុកដាក់ លើកទឹកចិត្តក៏ដូចជាផ្តល់តម្លៃនារី ស្មើភាពដូចបុរស
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងតែបានយកចិត្តទុកដាក់ លើកទឹកចិត្តក៏ដូចជាផ្តល់តម្លៃនារីស្មើភាព ដូចបុរសស្របតាមសមត្ថភាព ចំណេះដឹង ជំនាញ អតីតភាព និងគុណវុឌ្ឍិ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង ។
ការថ្លែងរបស់ លោក ប្រាជ្ញ ចន្ទ ធ្វើឡើងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្រោមអធិបតីភាពរបស់លោក ជាមួយលោកស្រី ឱម សារី ប្រាជ្ញចន្ទ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគ.ជ.ប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃ គ.ជ.ប មានចំនួនសរុប ៧៩១នាក់ ក្នុងនោះស្ត្រីមានចំនួន ២២០នាក់ ស្មើនឹង ២៧,៨០%។ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ កន្លងទៅ គ.ជ.ប មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារយៈពេលវែង និងមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីសរុបចំនួន ៧.៣១៥នាក់ ក្នុងនោះស្រ្តីមានចំនួន ១.៧២៧នាក់ ស្មើនឹង ២៣,៦០%។
បើតាមលោកស្រី វណ្ណ វាសនា បានបញ្ជាក់ថា បច្ចុប្បន្ននេះមន្ត្រីរាជការ គ.ជ.ប ជាស្ត្រីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់ មានចំនួន ៩៨នាក់ ក្របខ័ណ្ឌមន្ត្រីបោះឆ្នោតបឋមចំនួន ៤នាក់។ ទន្ទឹមនេះ ដោយផ្អែកតាមសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធការងារ គិតត្រឹមបច្ចុប្បន្ននេះ គ.ជ.ប បានតែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីជាស្ត្រី ឱ្យកាន់មុខតំណែងនានា ក្នុងរចនាសម្ព័ន្ធអង្គការលេខរបស់ គ.ជ.ប ដែលមានឋានៈចាប់ពីអនុប្រធានផ្នែក ប្រធានផ្នែក អនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រធាននាយកដ្ឋានឬឋានៈស្មើ ដល់ថ្នាក់ស្មើអគ្គនាយកចំនួន ១១៦នាក់ ក្នុងចំណោមមន្ត្រីជាស្ត្រីសរុប ២២០នាក់ ដែលស្មើនឹង ៥២,៧២%។
មានមតិសំណេះសំណាល ក្នុងពិធីនោះលោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា គឺក្នុងគោលបំណងដើម្បីរំលឹក ពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈមកាលានុវត្តភាពនានា ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គ្រប់រូប។
លោក បានមានប្រសាសន៍បន្តថា ការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា សម្រាប់ឆ្នាំ២០២៦ គឺក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ដែលសម្រិតសម្រាំងដោយក្រសួងកិច្ចការនារី ជាការឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ព្រមទាំងរំលេចពីសារៈសំខាន់ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងក្រុមគ្រួសារ ក៏ដូចជាគូសបញ្ជាក់ពីការរួមចំណែក យ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិត ខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
ប្រធានបទខាងលើនេះ មានភាពប្រទាក់ក្រឡា និងផ្សារភ្ជាប់យ៉ាងជាក់លាក់ នឹងការប្រារព្ធទិវាអន្តរជាតិនារី របស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្ត ទៅក្រោមប្រធានបទ “សិទ្ធិ យុត្តិធម៌ និងសកម្មភាពសម្រាប់ស្រ្តីគ្រប់រូប” ដែលផ្តោតលើការអំពាវនាវ ឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់នានា ដើម្បីលុបបំបាត់នូវឧបសគ្គរារាំង ការរើសអើង ផ្នត់គំនិត និងទំនៀមទម្លាប់សង្គម ដែលប៉ះពាល់ជាអវិជ្ជមានដល់សិទ្ធិស្រ្តី និងក្មេងស្រី ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផល អាចឱ្យពួកគាត់រស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រី ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញ សម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង និងថែរក្សាសន្តិភាព។ ម៉្យាងទៀត ដើម្បីជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងតែបានយកចិត្តទុកដាក់ លើកទឹកចិត្តក៏ដូចជាផ្តល់តម្លៃនារីស្មើភាព ដូចបុរសស្របតាមសមត្ថភាព ចំណេះដឹង ជំនាញ អតីតភាព និងគុណវុឌ្ឍិ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំង ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដូច លោកស្រី វណ្ណ វាសនា បានធ្វើសេចក្តីរាយការណ៍រួចហើយ។ តួលេខទាំងនេះ គឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ គ.ជ.ប ដើម្បីជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ។
លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តថា មន្រ្តីបោះឆ្នោតនារីភាគច្រើន មានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញតួនាទី និងភារកិច្ចជូន គ.ជ.ប ឱ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្រ្តីបោះឆ្នោតដ៏ល្អ និងប្រកបដោយជោគជ័យ។ លោក ពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីបោះឆ្នោតនារីទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ទំនួលខុសត្រូវ និងការលះបង់សម្រាប់គ្រួសារ និងស្ថាប័ន។
ជាការឆ្លើយតបទៅនឹងការលើកសម្ពស់ សមភាពយេនឌ័រ លោក ប្រាជ្ញ ចន្ទ បានស្នើសុំអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ ទៅលើចំណុចមួយចំនួន រួមមានបន្តលើកទឹកចិត្ត និងបង្កើនចំនួនស្រ្តី ក្នុងតួនាទីដឹកនាំនៅតាមកម្រិត បន្តអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ នៅតាមអង្គភាពចំណុះ គ.ជ.ប លើកទឹកចិត្ត ដល់ការពង្រឹងសមត្ថភាព ផ្នែកបច្ចេកវិទ្យាឌីជីថលភាសាបរទេស ចំណេះដឹងទូទៅ ជាពិសេសច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដើម្បីរួមចំណែករៀបចំការបោះឆ្នោត ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន៕




