សម្តេចធិបតី៖ កម្ពុជា មិនយកកាំភ្លើងទៅបាញ់ យកគ្រាប់បែកទៅទម្លាក់ និងគ្រាប់កាំភ្លើងផ្លោងដាក់ កន្លែង Scam Online ទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា មិនប្រើប្រាស់គ្រាប់កាំភ្លើងយកទៅបាញ់ ឬយកគ្រាប់បែកទៅទម្លាក់លើកន្លែង Scam Online ឬមួយផ្លោងគ្រាប់ដាក់ឡើយ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហា Scam Online ក៏ជាបញ្ហាត្រូវសម្អាតផ្ទះខ្លួនឯងដែរ ខណៈដែលការងារបង្ក្រាប និងទប់ស្កាត់ Scam Online មិនមែនជារឿងថ្មីសម្រាប់កម្ពុជាឡើយ ពោលមានតាំងពីអាណត្តិរាជរដ្ឋាភិបាលមុន បន្តរហូតដល់អាណត្តិនេះ ។
សម្តេចធិបតី បានគូសបញ្ជាក់ថា រឿង Scam Online រឿងសន្តិសុខ សុវត្ថិភាពសង្គម រឿងគ្រឿងញៀននេះ វាប្រទាក់ក្រឡាគ្នា នៅក្នុងការទទួលខុសត្រូវរួមរបស់យើង មិនមែនជាកាតព្វកិច្ចដាច់ដោយឡែក របស់ក្រសួងមហាផ្ទៃនោះទេ ត្បិតក្រសួងមហាផ្ទៃជាក្រសួងគោល ជាក្រសួងស្នូលក៏ដោយ ។
ក្នុងនោះ សម្តេចធិបតី បានថ្លែងថា កាលពីដើមឆ្នាំ២០២៥ កម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំប្រយុទ្ធប្រឆាំងជាមួយនឹង Scam Online ឬហៅថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្នុងមាននាយករដ្ឋមន្ត្រីជាប្រធាន និងមានក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជាមានក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ចហរិញ្ញវត្ថុ និងធនាគារជាតិជាដើម ព្រោះរឿងនេះ មិនមែនពាក់ព័ន្ធទៅនឹង រឿង Scam តែពាក់ព័ន្ធរឿងសម្អាតប្រាក់ផងដែរ ។
ការបង្កើតគណៈកម្មការចំពោះកិច្ច ដែលមានគ្រប់ស្ថាប័ននានាចូលរួម ត្រូវបានសម្តេចធិបតី អះអាងថា ដើម្បីបង្ហាញសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលស្គាល់ថា បញ្ហា Scam Online គឺជាបញ្ហាត្រូវរួមកម្លាំងគ្នាជួយទៅដល់ក្រសួងស្ថាប័ន ជាពិសេសក្រសួងមហាផ្ទៃ រួមគ្នាធ្វើ មិនមែនជាកិច្ចការតែមួយ ប្រគល់ឱ្យគាត់ផ្តាច់មុខ តែរួមគ្នាធ្វើ។
ជាងនេះទៅទៀត សម្តេចធិបតី បានបកស្រាយ ជុំវិញការប្រើកម្លាំងមកពីក្រសួងការពារជាតិនៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារតែត្រូវការប្រើប្រាស់កម្លាំងកងទ័ព ដើម្បីជួយគាំទ្រ ដូចជាកងរាជអាវុធហត្ថជាដើម។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ពិតណាស់ យើងមិនយកទាហានទៅបាញ់ ឬមួយទម្លាក់គ្រាប់បែកលើកន្លែង Scam ទេ កម្ពុជា មិនធ្វើបែបនេះទេ ។ រឿងពាក់ព័ន្ធជាមួយ Scam គឺជារឿងអនុវត្តច្បាប់ យើងអនុវត្តអត់មែនយកកាំភ្លើងទៅបាញ់ យកគ្រាប់បែកទៅទម្លាក់ គ្រាប់កាំភ្លើងផ្លោងដាក់ទេ” ។
ក្នុងន័យនេះ សម្តេចធិបតី ពន្យល់ថា ក្នុងប្រតិបត្តិការខ្លះ ត្រូវការកម្លាំងគាំទ្រពីកងទ័ព ដោយសារប្រតិបត្តិការធំ ត្រូវការពង្រីក៕
