ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យស្ថាប័នពាក់ព័ន្ធ ការពារ មិនត្រូវឱ្យមានវត្តមានបណ្តាញ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ បរទេសនៅកម្ពុជាដាច់ខាត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាព័ន្ធពាក់ព័ន្ធ ត្រូវការពារ និងរារាំង មិនត្រូវឱ្យមានវត្តមានបណ្តាញ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេស នៅកម្ពុជា ជាដាច់ខាត ។

ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ណែនាំ ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវពង្រឹងយន្តការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមស្ថាប័នរៀងៗខ្លួន ដោយត្រូវបង្កើតជាយន្តការ អាចជាគណៈកម្មការ ឬក្រុមការងារ ដើម្បីដឹកនាំសម្របសម្រួល ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងស្ថាប័ននីមួយៗ ។

ក្នុងនោះ ការបង្កើតក្រុមការងារ តាមក្រសួង ស្ថាប័ននីមួយៗ ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី យល់ឃើញថាអាចបង្កលក្ខណៈតាមដានអប់រំ មន្ត្រីជាប់ជាប្រចាំ និងងាយស្រួល ក្នុងការសហការជាមួយអគ្គលេខាធិការ នៃអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបញ្ជ្រៀបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅតាមវិស័យនីមួយៗ ព្រមទាំងសម្របសម្រួល ដល់ការអនុវត្តបទបញ្ជា០១ គោលការណ៍សម្អាតចកចេញពីបឹងផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ស្ថាប័នអនុវត្តច្បាប់ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព ខិតខំស្រាវជ្រាវ ស៊ើបអង្កេត បើកការតស៊ូករណី បង្កើនសភាពការណ៍ បង្ក្រាបឱ្យដល់ឬគល់ និងមេក្លោង ព្រមទាំងពន្លាតដល់បទល្មើសសម្អាតប្រាក់ ចំពោះរាល់បទល្មើសគ្រឿងញៀន ដែលរួមមានការនាំចូល ចែកចាយ ប្រើប្រាស់ រក្សាទុក ចរាចរណ៍ និងកែឆ្នៃផលិត ព្រមទាំងត្រូវការពាររារាំង មិនឱ្យមានវត្តមានបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេស នៅកម្ពុជា ជាដាច់ខាត” ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានណែនាំឱ្យសួងយុត្តិធម៌ ត្រូវបន្តយកចិត្តទុកដាក់ តាមដានលើករណីផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន ឱ្យបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត ជៀសវាង មានការដោះលែងឧក្រិដ្ឋជនដែលប៉ះពាល់នឹងគ្រឿងញៀន ដោយការបន្ធូបន្ថោយទោសផងដែរ៕

To Top