កម្ពុជា-លុចសំបួ គ្រោងចុះកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍជំនាញ សម្រាប់យុវជន ក្នុងខេត្តស្ទឹងត្រែង និងរតនគិរី
ភ្នំពេញ ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទី នៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ដោយក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា លើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ផ្នែកការកែច្នៃ ផលិតផលកសិកម្ម ទេសចរណ៍ និង បដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

នាឱកាសនោះ លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះលោក ថូមាស់ និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែក ដ៏ធំធេង របស់ប្រទេសលុចសំបួ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេស ការអភិវឌ្ឍធនធាន មនុស្ស និងសេវាសង្គម។ ដោយឡែក ចំពោះខេត្តទាំងពីរ ទោះបីជាស្ថិតនៅតំបន់ ដាច់ស្រយាល ក៏វាជាខេត្តស្ថិត ក្នុងរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជាដែរ ហើយការចាប់ផ្តើមនៅខេត្តទាំងនេះ នឹងក្លាយជាគន្លឹះដ៍សំខាន់ ដើម្បីឱ្យការរីកចម្រើនអាចមានភាពស្មើគ្នា រវាងទីក្រុង និងខេត្តដាច់ស្រយាល។

លោករដ្ឋមន្រ្តី និងលោក ថូមាស់ បានស្នើឱ្យមន្រ្តីបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍លុចសំបួ បន្តពិភាក្សាគ្នា លើការដាក់ឱ្យដំណើរការអនុវត្តគម្រោងនេះ ដើម្បីឈានទៅសម្រេច បាននូវការចុះកិច្ចព្រមព្រៀងជាមួយគ្នា នៅចុងឆ្នាំ២០២៦ នេះ។ កិច្ចសហការនេះកើតមានឡើង បន្ទាប់ពីគណៈប្រតិភូប្រទេសលុចសំបួ បានអញ្ជើញទៅទស្សនកិច្ចកម្មវិធី TVET ក្នុងខេត្តទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២៥។

ជាមួយនឹងគ្នានេះ លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានចក្ខុវិស័យដ៏វែងឆ្ងាយ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចផែនការចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុង ឆ្នាំ២០២៩។ ហេតុនេះ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ TVET (រួមទាំងកម្មវិធី TVET 1.5M) គឺជាស្នូលដ៏ចាំបាច់។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានលើកឡើងថា លទ្ធផលផ្លែផ្កា នៃការសម្រេច បាននូវកិច្ចសហការ នៅក្នុងថ្ងៃនេះ គឺបានកើតចេញពីលទ្ធផល នៃជំនួបទ្វេភាគីនាពេលកន្លងមក ដោយលោកបានគូសបញ្ជាក់ថា លុចសំបួ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ដែលផ្តល់តម្លៃរួមក្នុងការគាំទ្រលើការលើកកម្ពស់ជំនាញវិជ្ជាជីវៈ ផលិតភាព ឱកាសការងារ ការពារសង្គម និងកំណើនដែលរួមបញ្ចូល ប្រកបដោយចីរភាព ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ជាការឆ្លើយតប លោក ថូមាស់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបានលើកឡើង ពីការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងលុចសំបួ ដែលឈានដល់ការ បើកការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រទេសលុចសំបួនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៥ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និង ពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ។

ជាមួយនឹងការផ្លាស់ប្តូរយោបល់ពីការពង្រឹង ទំនាក់ទំនងទ្វេភាគីនាពេលអនាគត លោករដ្ឋមន្រ្តី និង លោក ថូមាស់ ក៏បានពិភាក្សាលើការកំណត់គម្រោង សហប្រតិបត្តិការជាក់ស្ដែង និងអាទិភាពផ្សេងៗទៀតដែរ ដោយបានគូសបញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសការពង្រីកកម្មវិធីបណ្តុះ បណ្តាលនេះទៅកាន់ខេត្តគោលដៅផ្សេងទៀត និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរជាដើម។

ជាទីបញ្ចប់ លោក ហេង សួរ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះលោក ថូមាស់ និងសហការីសម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ជាពិសេសសម្រាប់ការបញ្ជាក់ជាថ្មីនូវការបន្តការគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយឯកឧត្តមបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរួមនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ក្នុងទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាព៕


