កម្ពុជា បណ្ដេញជនបរទេស ១,១២១នាក់ទៀត ចេញពីប្រទេស
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា មានជនបរទេស ១,១២១នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីពាក់ព័ន្ធបទល្មើសនានានៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថា នៅថ្ងៃទី៥, ៦ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,១២១នាក់ (ស្រី ៦៧នាក់) ចេញពីកម្ពុជា។
ជនបរទេសទាំងនោះ មាន ១៥សញ្ជាតិ រួមមាន ចិន ជប៉ុន បង់ក្លាដេស ប៉ាគីស្ថាន កុងហ្គោល ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ចិនតៃវ៉ាន់ នេប៉ាល់ ហ្វីលីពីន និងនីហ្សេរីយ៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មានជនជាតិចិនចំនួន ៤៧៨នាក់ ស្រី ១៩នាក់ បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិចិន ១៥០នាក់ ស្រី ៣នាក់ បណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសអន្តរសៀមរាបអង្គរ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។

សូមរំលឹកថា ការបណ្ដេញ ចេញជនជាតិបរទេស ខាងលើនេះ គឺជាការអនុវត្តតាមវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការ លើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
