ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម អំពាវនាវប្រជាពលរដ្ឋ ចៀសវាងសម្រុក ទិញប្រេងឥន្ធនៈស្តុកទុក លើសពីតម្រូវការចាំបាច់ អាចបង្កឱ្យមានហានិភ័យ ឆាបឆេះ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ចៀសវាងការសម្រុកទិញ ប្រេងឥន្ធនៈស្តុកទុក លើសពីតម្រូវការចាំបាច់ អាចបង្កឱ្យមានហានិភ័យ ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅ របស់ប្រជាពលរដ្ឋ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៦ កុម្ភៈ ថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យ នៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាព របស់អ្នកប្រើប្រាស់ ដែលអាចកើតឡើង ពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្ត និងយោគយល់ ចំពោះស្ថានីយលក់ ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែង គ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យ ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី ខេត្ត បាននឹងកំពុងបន្ត ចុះតាមដាន-ត្រួតពិនិត្យការលក់ ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់ តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាស ដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕

To Top