រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ៦០០ គ្រឿង ដឹកជញ្ជូនពលរដ្ឋទៅស្រុកចូលឆ្នាំ ដោយមិនបង់ប្រាក់ ៦ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ រថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្ត តាមប្រសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦ ខែមីនា មីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ៕











