កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យ០១ម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤:៣០នាទីរសៀល នាថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងឧដុង្គម៉ែជ័យ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ទូច សាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

កម្លាំងជំនាញកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់ ទម្ងន់៩២.៣៥ក្រាម (ធំ៣កញ្ចប់,មធ្យម៥កញ្ចប់និងតូច៣កញ្ចប់),ទូរស័ព្ទចំនួន ០១គ្រឿង,ជញ្ជីងចំនួន ០១ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។




បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
