ព័ត៌មានអន្តរជាតិ

​ អ៊ីស្រាអែលអះអាងថា ការវាយប្រហារលើអ៊ីរ៉ង់​ ឈានទៅដល់ដំណាក់កាលបន្ទាប់​ ដោយប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ៨០ ភាគរយត្រូវបានបំផ្លាញ

យេរូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា កងកម្លាំងអ៊ីស្រាអែល កំពុងឈានទៅដល់ «ដំណាក់កាលបន្ទាប់» នៃយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ ដែលពួកគេនឹងបង្កើនការវាយប្រហារប្រឆាំង នឹងមូលដ្ឋានរដ្ឋាភិបាលអ៊ីរ៉ង់ និងសមត្ថភាពយោធា របស់ប្រទេសនេះ ។

លោក Zamir បានលេីកឡេីងថា បន្ទាប់ពី «ការវាយប្រហារដំបូងដោយភ្ញាក់ផ្អើល» ដែលបានបង្ក្រាបប្រព័ន្ធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ យោធាឥឡូវនេះកំពុងផ្លាស់ប្តូរការផ្តោតលេីគោលដៅរបស់ខ្លួន ។ លោកបានបន្ដថា «យើងមានចលនាគួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀត ដែលខ្ញុំមិនមានបំណងបង្ហាញ​ យើងនឹងដេញតាមសត្រូវទាំងអស់របស់យើង ហើយយើងនឹងទៅដល់ពួកគេ»។

លោកបានបន្ថែមថា កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ២៥០០ ដង ទម្លាក់គ្រាប់រំសេវជាង ៦០០០គ្រាប់ និងបំផ្លាញប្រព័ន្ធបាញ់មីស៊ីល ផ្លោងរបស់អ៊ីរ៉ង់ប្រហែល ៦០ភាគរយ និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនចំនួន ៨០ភាគរយ ដោយបន្ថែមថា អ៊ីស្រាអែលសម្រេចបាន នូវឧត្តមភាពផ្លូវអាកាសស្ទើរតែទាំងស្រុងលើអ៊ីរ៉ង់។

លោកបានបន្ថែមទៀតថា ប្រតិបត្តិការរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ កំពុងត្រូវបានសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយមន្ត្រីយោធាកំពូលៗរបស់សហរដ្ឋអាមេរិក រួមទាំងប្រធានអគ្គសេនាធិការចម្រុះ Dan Caine និងមេបញ្ជាការបញ្ជាការកណ្តាល Brad Cooper។

លោកបានគូសបញ្ជាក់ថា គោលដៅរបស់ពួកគេ គឺដើម្បីដកហូតសមត្ថភាពយោធារបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងនាំវាទៅកាន់ “ចំណុចឯកោជាយុទ្ធសាស្ត្រ និងចំណុចខ្សោយ ដែលពួកគេមិនធ្លាប់មានពីមុនមក” ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top