ARDB និងធនាគារចិន (BOC) ពិភាក្សាលើការគាំទ្រឥណទាន ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន
ចិន ៖ នៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយ លោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។

ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សា បានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖
- ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទាន ដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្ម កសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។
- ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងលំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។

ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវក្នុង ឈាន ទៅ រក ការ ចុះ អនុស្សរណៈ យោគយល់ គ្នា (MoU) នៅ ពេល ខាង មុខ ដេីម្បី ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។
តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទី ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់លំហូរ ទុនតាមរយៈការផ្តល់ឥណទាន ជាទុនបង្វិល និងទុនវិនិយោគ ក៏ដូចជាសេវាធនាគារនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយចិរភាព ៕



