ពិធីប្រកាស ដឹកនាំគាំទ្រ និងជម្រុញការអនុវត្តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ពោធិ៍សាត់÷ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង (សាលធំថ្មីសាលាខេត្ត) នៅព្រឹកថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២៦ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ការបង្កើតក្រុមការងារនេះឡើង គឺដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការងារផ្តល់សេវាអត្តសញ្ញាណកម្ម ដោយផ្តោតលើគោលដៅសំខាន់ៗ ចំនួន២៖
ទី១-ប្រជាពលរដ្ឋទូទៅ៖ ធានាឱ្យពួកគាត់ទទួលបានអត្តសញ្ញាណបណ្ណ និងឯកសារចាំបាច់នានាបានទាន់ពេលវេលា។
ទី២-ពលករវិលត្រលប់៖ យកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងការរកការងារធ្វើក្នុងស្រុក៕







ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
