អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។

លោកអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើភូមិចំនួន១៣ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មី ១ខ្នង (ទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ) តម្លៃប្រមាណ ៣៨,០០០ ដុល្លារ បែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១) ដោយអគារនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាបណ្តើរៗតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។

លោកអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអាគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងសូមបង្កើនចំណេះជំនាញ ឯកទេសឲ្យបានគ្រប់ៗគ្នា ពីព្រោះជំងឺក៏មានការរាតត្បាតកាចសាហាវដែរ។ ជាមួយគ្នានេះ ក៏សូមឲ្យធ្វើការកៀងគរដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីបន្តចូលរួមគាំទ្រដើម្បីឲ្យអង្គភាពរបស់យើងមានការរីកចម្រើនតទៅមុខទៀត ។





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
