មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជំរុញឱ្យភាគីពាក់ព័ន្ធ នៃកម្មវិធី DEY III បន្តជួយជ្រោមជ្រែងដល់ SMEs ដើម្បីគាំទ្រដល់ការបង្កើតការងារដល់យុវជន
បាត់ដំបង-កំពង់ធំ ៖ ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារ នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធ នៃកម្មវិធីមុខរបរនិងការងារសមរម្យ សម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បន្តជួយជ្រោមជ្រែងដល់ SMEs បន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតការងារ ក្នុងស្រុកដល់យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃ។

ការជំរុញលើកទឹកចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាស ដែលលោកស្រីអនុរដ្ឋលេខាធិការ ហ៊ឹម សុធារ័ត្ន រួមជាមួយលោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម តំណាងក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជា នៃអង្គការ UNIDO បានធ្វើទស្សនកិច្ចពិនិត្យមើលសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលទទួលផលពីកម្មវិធី DEY III ដែលជាសកម្មភាព មួយរបស់កម្មវិធី DEY III ក្នុងគោលបំណងជួយគាំទ្រនិងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាគាំទ្រ ដល់យុវជននៅកម្ពុជាឱ្យទទួលបានការងារ និងលក្ខខណ្ឌការងារល្អប្រសើរ ដែលផ្តល់ដោយសហគ្រាសធុនតូចនិងមធ្យម។

ទស្សនកិច្ចនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះលោកស្រីអនុរដ្ឋលេខាធិការ ប្រតិភូតំណាងក្រសួង និងដៃគូអភិវឌ្ឍន៍បានទៅពិនិត្យមើលសហគ្រាសធុនតូចនិងមធ្យមនៅខេត្តបាត់ដំបងចំនួន៣សហគ្រាស (សិប្បកម្មប្រេងខេអេច សិប្បកម្មតាកាឌា សិប្បកម្មធូបូ) និងនៅខេត្តកំពង់ធំចំនួន២សហគ្រាស (សិប្បកម្មកែច្នៃត្រី សោភ័ណសុខម៉េង និងសិប្បកម្មសណ្តែកសៀងលឹមស្រេង)។

តាមរយៈទស្សនកិច្ចនេះដែរ ប្រតិភូតំណាងក្រសួង ដៃគូអភិវឌ្ឍន៍ និងម្ចាស់សហគ្រាសបានពិភាក្សាអំពីសកម្មភាពដែលកម្មវិធី DEY III បានផ្តល់ឱកាសដល់ម្ចាស់សហគ្រាសឱ្យទទួលបានការបណ្តុះបណ្តាលពង្រឹងសហគ្រិនភាព ដូចជា ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពង្រឹងស្តង់ដាសុវត្ថិភាពចំណីអាហារនិងផលិតផល ការអនុវត្តប្រកបដោយអនាម័យខ្ពស់ ដែលបានជួយពង្រឹងសមត្ថភាពផលិតកម្ម គុណភាពផលិតផល និងការទទួលស្គាល់ខ្ពស់លើទីផ្សារ។ គួរកត់សម្គាល់ថា សហគ្រាសធន់តូចនិងមធ្យមទាំងនោះក៏បានបង្កើតឱកាសការងារដល់ប្រជាជនមូលដ្ឋាន ជាពិសេសដល់ស្ត្រី យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ។

ជាមួយគ្នានេះ ម្ចាស់សហគ្រាសធុនតូចនិងមធ្យមដែលជាអ្នកទទួលផលពីកម្មវិធី DEY III បានសម្តែងការពេញចិត្ត និងអរគុណដល់បណ្តាក្រសួង ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធី DEY III ជួយគាំទ្រដល់សហគ្រាស របស់ពួកគាត់ឱ្យមានឱកាសរីកលូតលាស់ រួមចំណែកដល់ការបង្កើតការងារក្នុងស្រុក និងជាផ្នែកមួយនៃកម្លាំងសេដ្ឋកិច្ចនៅកម្ពុជា។

ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារនេះហើយ ទើបលោកស្រីបានជំរុញលើកទឹកចិត្តដល់តំណាងក្រសួង និងដៃគូអភិវឌ្ឍន៍នៃកម្មវិធី DEY III តំណាងមន្ទីរពាក់ព័ន្ធក្នុងតំបន់ សូមបន្តខិតខំជួយគាំទ្រជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យមបន្ថែមទៀត ដែលជាគោលដៅមួយនៃកម្មវិធី DEY III ដើម្បីគាំទ្រដល់ការបង្កើតការងារក្នុងស្រុក និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរនៅកម្ពុជា៕




