ព័ត៌មានជាតិ

ក្រសួងការងារ ជំរុញឲ្យមានការចូលរួម ពីអង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់សិទ្ធិការងារ ជាពិសេសសម្រាប់ស្រ្តី

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកស្រី​ សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់របស់លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តោលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធីជួបជុំសម្តែងមតិក្នុងឱកាសខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ពិធីនេះត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “ការអនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី និងក្មេងស្រី” ដោយមានគោលបំណង សំខាន់ៗចំនួន៣៖ ១. ចូលរួមអបអរសាទរ និងទទួលស្គាល់ការខិតខំប្រឹងប្រែង ក្នុងការទាមទារសិទ្ធិសេរីភាពនិងសមភាពយេនឌ័រ, ២. ពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល សមាគម សហជីព ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការធានាសិទ្ធិសេរីភាពរបស់ស្រ្តី និងក្មេងស្រី ដើម្បីស្ថិរភាពសេដ្ឋកិច្ច និងសង្គម និង៣. បង្កើតឱកាសដល់សាធារណជន ក្នុងការលើកពីសំណូមពរ ឬអនុសាសន៍ពាក់ព័ន្ធនឹងយេនឌ័រ ដើម្បីពិនិត្យឡើងវិញ និងអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធិភាព។

នាឱកាសនោះ លោកស្រី​អនុរដ្ឋលេខាធិការ បានបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួងនាពេលកន្លងមក ពិសេសពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ របស់ក្រសួងទៅលើកម្មករនិយោជិតជាស្ត្រី តាមរយៈការផ្តល់ការការពារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីសន្តិសុខសង្គម និងលិខិតគតិយុត្តពាក់ព័ន្ធវិស័យការងារ ព្រមទាំងជម្រាបជូនពីយន្តការអធិការកិច្ចការងារ យន្តការនៃការបង្ការ និងដោះស្រាយវិវាទការងារដែលកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ន ក៏ដូចជា យន្តការនៃការដាក់ពាក្យបណ្តឹងមកក្រសួង ជាអាទិ៍ ការដាក់ពាក្យបណ្តឹងដោយផ្ទាល់ ការប្តឹងតាមរយៈប្រព័ន្ធHotline លេខ ១២៨៦ និងយន្តការបណ្តឹងអនាមិក។

ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីនេះ លោកស្រី​ក៏លើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដោយរៀនជំនាញបន្ថែម និងបង្កើនភាពអង់អាចក្លាហាន ដើម្បីទទួលបាននូវ សមត្ថភាព ផលិតភាពការងារ ការគោរព ការឱ្យតម្លៃ ក៏ដូចជាការផ្តល់ឱកាស​ ដើម្បីកាន់មុខតំណែងជាថ្នាក់ដឹកនាំនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យអនុលោមភាពនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ក៏ដូចជាការស្វែងរកដំណោះស្រាយសមស្របទៅនឹងបញ្ហាប្រឈមនានា ដែលភាគីពាក់ព័ន្ធស្នើសុំអន្តរាគមន៍ពីក្រសួង៕

To Top