រដ្ឋមន្ត្រី ហួត ហាក់ ៖ ព្រឹត្តិការណ៍ជិះកង់៧៨គីឡូម៉ែត្រ ភ្នំពេញ-តាកែវ គឺជាកីឡាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងទេសចរណ៍ ទាក់ទាញអ្នកចូលរួមប្រមាណ ១ពាន់នាក់
ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ គឺជាព្រឹត្តិការណ៍ ទេសចរណ៍ កីឡាផ្សារភ្ជាប់ជាមួយ នឹងវប្បធម៌ និងទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី បានទាក់ទាញកីឡាករ កីឡាការិនី ប្រជាពលរដ្ឋ ដែលស្រឡាញ់វិស័យកីឡាជិះកង់ ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ១,០០០នាក់ លើសពីការគ្រោងទុក ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី រួមជាមួយអភិបាលខេត្តតាកែវ កាលពីថ្ងសទី៨ មីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលរៀបចំឡើង ក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ», ជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរ ទៅកាន់តំបន់សក្តានុពលទេសចរណ៍ នៅខេត្តតាកែវ, បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការជួយឧបត្ថម្ភសម្ភារៈសិក្សា ដល់សិស្សានុសិស្សខ្វះខាតផងដែរ ។

ព្រឹត្តិការណ៍ជិះកង់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រីតំណាងសមាគម ក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជន, ប្អូន និងក្មួយៗជាអ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs, បងប្អូនកីឡាករ កីឡាការិនី បងប្អូនសាធារណជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ប្រមាណ ១,០០០នាក់។

ឆ្លៀតក្នុងឱកាសដ៏ស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់នេះ លោករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាព គឺជាគ្រឹះសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ពិសេសព្រឹត្តិការណ៍ជិះកង់នេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរ ណ៍រវាងរាជធានីភ្នំពេញ និងខេត្តតាកែវ ព្រមទាំងលើកកម្ពស់ការធ្វើដំណើរទេសចរណ៍ ប្រកបដោយភាពសុខដុមរមនា និងបរិស្ថានបៃតង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ល្អមួយនេះ បានចូលរួមចំណែក ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ, បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ, បង្ហាញពីការរួបរួម និងភាពសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការគាំទ្រវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិ និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងសកម្មភាពសង្គម ព្រមទាំងផ្តល់ការលើកទឹកចិត្ត ដល់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសង្គម កីឡា និងវិស័យទេសចរណ៍ផងដែរ៕







