ព័ត៌មានជាតិ

ធនាគារ ARDB បញ្ជាក់ពីការបន្តការគាំទ្រ និងជំរុញការនាំចេញអង្ករកម្ពុជា មកកាន់ទីផ្សារប្រទេសចិន

ចិន៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹង សមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលើកិច្ចការនេះ។

ធនាគារARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ(Cross Border Settlement) ដេីម្បីសម្រួលលំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន COFCO Grains បានសន្យាជួយផ្សព្វផ្សាយ និងបន្តជម្រុញការនាំចូលអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិនផងដែរ៕

To Top