រដ្ឋមន្ត្រី ឌិត ទីណា លើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ និងឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយរបស់ស្ដ្រី។

ក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោករដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡើង ដើម្បីជាការចងចាំ និងលើកទឹកចិត្តដល់ស្រី្តគ្រប់រូប ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពនិងសន្តិសុខទាំងក្នុងសាកលលោក និងប្រទេសក្នុងតំបន់ គឺជារឿងសំខាន់ចាំបាច់ ដែលទាមទារឱ្យថែរក្សាការពារ សំដៅមានការអភិវឌ្ឍន៍ឱ្យមានភាពរីកចម្រើន។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់៕


