ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ផ្ទះ ជូនក្រុមគ្រួសារវីរកងទ័ពពលី នៅកំពង់ឆ្នាំង

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារ របស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។

សូមបញ្ជាក់ថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារ របស់យុទ្ធជនពលីដូចជាការផ្តល់ ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗ បានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួល ឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

To Top