រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
កណ្ដាល ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៣ ចំនួន ២០៧នាក់ នារី ៦៤នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ចំនួន ១០០នាក់ នារី ៣០នាក់ សរុប ៣០៧នាក់ នារី ៩៤នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថា ដោយមើលឃើញតួនាទីនិងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ មានសារៈសំខាន់សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាល ជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋារចនា សម្ព័ន្ធរឹងនិងទន់ ការបំពាក់ឧបករណ៍ សម្ភារៈ ការកែលម្អសោភណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្តង់ដាគុណភាព លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍបណ្ឌិត្យសភា។ ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភនិងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធាន មនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

លោកឧបនាយករដ្ឋមន្ដ្រី ទទួលស្គាល់ថា ក្រោមស្មារតីកែទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ បណ្ឌិត្យសភានគរបាលកម្ពុជា បានបន្តបង្កើតស្នាដៃ សមិទ្ធផលថ្មីៗ និងមានវឌ្ឍនភាព ជាបន្តបន្ទាប់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរ។ ស្នាដៃ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិ ដែលមានវិជ្ជាជីវៈខ្ពស់ សុចរិតភាព ស្មារតី បម្រើប្រជាពលរដ្ឋ និងភាពស្មោះត្រង់ចំពោះជាតិ៕




