ព័ត៌មានជាតិ

រដ្ឋសភា ស្នើឱ្យកូរ៉េពិនិត្យឡើងវិញ លក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ

ភ្នំពេញ ៖ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញ នូវលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន។

ការលើកឡើងរបស់លោក ជាម យៀបបែបនេះ ក្នុងជំនួបជាមួយ លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

លោកបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ ។ ទោះជាយ៉ាងណា លោកសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់ កម្លាំងអាវុធមកលើទឹកដីខ្លួន ។ ក្នុងន័យនេះ អនុប្រធានទី១ រដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យ ឱ្យបានហ្មត់ចត់លើលក្ខខណ្ឌ នៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះ ក្លាយជាឧបករណ៍ នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។

សូមបញ្ជាក់ថា កន្លងមក កងទ័ពអាកាសថៃ បានបញ្ជាទិញយន្តហោះចម្បាំងម៉ាក T-50TH ផលិតនៅកូរ៉េចំនួន១៤គ្រឿង ក្នុងតម្លៃ ៧៨ លានដុល្លារ។ ក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតយន្តហោះនៅកូរ៉េ បានផ្គត់ផ្គង់ T-50TH ចំនួន៤គ្រឿងឱ្យកងទ័ពអាកាសថៃនៅឆ្នាំ២០១៨ និង ៨ គ្រឿង នៅឆ្នាំ២០១៩ និង២ គ្រឿងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២៣ ។
T-50 ជាប្រភេទយន្តហោះយោធាបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងមុខងារជាយន្តហោះចម្បាំង៕

To Top