ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ព្រមានអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានណែនាំស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ត្រូវលក់តាមតម្លៃដែលក្រសួងដាក់តាំងបង្ហាញជាសាធារណៈ និងព្រមានអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណាកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ។

តាមតាមសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា ដើម្បីធានាបាននូវតម្លាភាព នៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រង ការទិញ-លក់ប្រេងឥន្ធនៈ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ច។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបាន អនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណា ដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃ ដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕

To Top