ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា មិនអនុញ្ញាតឱ្យប្រព្រឹត្តទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកពាក់ខុសឆ្គងខ្លាំង

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា មិនមានការអនុញ្ញាតឱ្យប្រព្រឹត្តទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ខុសឆ្គងខ្លាំង នៅទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពឆ្គាំឆ្គង។

តាមរយៈសេចក្ដីអំពាវនាវ របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នក បង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយ បេតិកភណ្ឌ និងប្រពៃណីជាតិដ៏រុងរឿងប្រកបដោយក្តីគោរពស្រឡាញ់។

អាជ្ញាធរជាតិអប្សរា បានគាំទ្រចំពោះសកម្មភាពនានា បានបង្ហាញពីការគោរពស្រឡាញ់ដល់បេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិ ទាំង សកម្មភាពទស្សនា ក៏ដូចជាសកម្មភាពថតរូបភាពអនុស្សាវរីយ៍ និងការថតវីដេអូសម្តែង ក្នុងគោលដៅផ្សព្វផ្សាយ វប្បធម៌ និង ប្រពៃណីជាតិ ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័ន និងអាជ្ញាធរ ដែលទាំងនេះ ជាកាយវិការគួរជាទី គោរព និងគួរលើកទឹកចិត្ត។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសម្គាល់ឃើញ នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ ដ៏ល្អផូរផង់ផងដែរ។

អាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចប៉ះពាល់ដូចបានបញ្ជាក់ជូន ខាងលើ ជាអាទិ៍មានដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។

អាជ្ញាធរជាតិអប្សរា ក៏បានណែនាំ ប្រជាពលរដ្ឋ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ទាំងអស់មេត្តាយោគយល់ ចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសហការ ក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ ព្រមទាំងសូមអំពាវដល់ម្ចាស់គណនី ដែលបាន ផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ ដែលបានបង្កការយល់ច្រឡំ ដល់មតិសាធារណជន មេត្តាលុបចេញពី គណនីរបស់ខ្លួន ដើម្បីរក្សាបរិយាកាស សង្គមរបស់យើងប្រកបដោយសាមគ្គីភាពជាតិតែមួយ៕

To Top