មន្ត្រីជាន់ខ្ពស់ ក្រសួងធម្មការ ៖ បច្ចេកវិទ្យា បង្កើតឱកាសថ្មីៗ សម្រាប់វិស័យសាសនា ក្នុងការចែករំលែកគុណតម្លៃសីលធម៌ និងអប់រំផ្លូវចិត្ត ដល់សង្គម
ភ្នំពេញ ៖ លោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងលឿន បរិវត្តកម្មឌីជីថល បានក្លាយជាផ្នែកមួយសំខាន់ ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់វិស័យ ហើយវាមិនត្រឹមតែផ្លាស់ប្តូររបៀបរបបធ្វើការ ការសិក្សា និងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗ សម្រាប់វិស័យសាសនា ក្នុងការចែករំលែក គុណតម្លៃ សីលធម៌ និងការអប់រំផ្លូវចិត្ត ដល់សង្គមយ៉ាងទូលំទូលាយ ។

ការលើកឡើងរបស់លោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសមាជិកគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល ធ្វើឡើងក្នុងឱកាស តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញបើកសិក្ខាសាលា ស្តីពី “បរិវត្តកម្មឌីជីថលនិងវិស័យសាសនា” នៅទីស្តីការក្រសួងធម្មការនិងសាសនា។

លោក ឆាត សុឆេត បានធ្វើការគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងលឿន បរិវត្តកម្មឌីជីថល បានក្លាយជាផ្នែកមួយសំខាន់ ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់វិស័យ។ វាមិនត្រឹមតែផ្លាស់ប្តូររបៀបរបបធ្វើការ ការសិក្សា និងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗ សម្រាប់វិស័យសាសនា ក្នុងការចែករំលែក គុណតម្លៃ សីលធម៌ និងការអប់រំផ្លូវចិត្ត ដល់សង្គមយ៉ាងទូលំទូលាយ។ វិស័យសាសនា មានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលសីលធម៌ ការរួមរស់ដោយសុខដុមរមនា និងការអភិវឌ្ឍសង្គម។

រដ្ឋលេខាធិការរូបនេះ បានលើកឡើងទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យើងអាចពង្រីកការផ្សព្វផ្សាយធម៌វិន័យ ការអប់រំសាសនូវាទ និងការចែករំលែកចំណេះដឹង ឱ្យកាន់តែមានវិសាលភាព ទៅដល់ប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ជាពិសេសសម្រាប់យុវជនជំនាន់ថ្មី ដែលរស់នៅជាមួយបច្ចេកវិទ្យាឌីជីថល ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ក្នុងការនាំយកតម្លៃ សាសនា និងវប្បធម៌ឱ្យកាន់តែជិត ស្និទ្ធជាមួយពួកគេ។ ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងការកសាងរដ្ឋាភិបាលឌីជីថល លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យនិង គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លើយតបទៅនឹងនវានុវត្ត នៃបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើប ហើយធានាបាននូវចីរភាព ការតាំងនៅស្ថិតស្ថេរ នៃវិស័យសាសនា ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនា ជាសេនាធិការ រដ្ឋាភិបាល បានកំណត់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មុំទី៥ ឱ្យក្រសួងលើកកម្ពស់ការយល់ដឹង និងជួយជំរុញតួនាទី ព្រះពុទ្ធសាសនា ចូលរួមចំណែក អប់រំសីលធម៌ គុណធម៌ សុជីវធម៌ និងបំផុសគំនិតច្នៃប្រឌិត ដើម្បីចូលរួមលើកកម្ពស់ គុណតម្លៃសង្គមជាតិ។ តាមរយៈយុទ្ធសាស្ដ្រនេះបង្ហាញ ឱ្យឃើញពីការបន្ត គោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វផ្សាយគម្ពីរ ក្បួនច្បាប់នានា ការចងក្រងប្រជុំទំនៀមទម្លាប់ប្រពៃណីខ្មែរ ការបណ្តុះឆន្ទៈមនសិការ នៃការដឹងគុណចំពោះវិញ្ញូជន វីរជន និងបុព្វបុរសខ្មែរគ្រប់ជំនាន់។

ក្រៅតែពីការជំរុញការបដិបត្តិ នូវព្រះធម៌វិន័យនោះ ក្រសួងធម្មការ និងសាសនា បានដើរតួនាទីយ៉ាងសកម្ម ក្នុងការជម្រុញលើកម្ពស់ នូវការយល់ដឹង និងលើកតម្កើងនូវតម្លៃនៃវប្បធម៌ ប្រពៃណី និងសាសនាផងដែរ។
បន្ថែមលើនេះ លោករដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាល បរិវត្តកម្មឌីជីថលនិងវិស័យសាសនា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិតខ្ពស់ និងបទពិសោធន៍ដ៏មានតម្លៃ ដែលអាចយកទៅអនុវត្តិ ក្នុងការងារ និងសកម្មភាពពាក់ព័ន្ធ នឹងវិស័យសាសនានិងសង្គម ឱ្យកាន់តែរុងរឿងរីកចម្រើន៕
