ថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា និងអាជ្ញាធរខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងចែកអាហារស្រាយបួសដល់សាសនិកឥស្លាម ៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស
កំពង់ចាម ៖ លោក អ៊ុច បូរិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា និងលោក ស្លេះ ប៊ិនយ៉ាមីន សមាជិកព្រឹទ្ធសភា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រត្តិភូអមដំណើរជាច្រើនទៀត នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ នេះ បានអញ្ជើញសំណេះសំណាល និងចែកអាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាម ៤០០គ្រួសារ ដែលក្នុងនោះ ២០០គ្រួសារ នៅវិហាររកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម នឹង ២០០គ្រួសារ នៅវិហារខ្សាច់សូរ ឃុំពាមជីកង ស្រុកកងមាស ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ពិធីចែកកញ្ចប់អាហារស្រាយបួស ដល់បងប្អូនសិស្សនិកឥស្លាមក្នុងឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ជាងនេះទៅទៀត អាជ្ញាធរខេត្តក៏បានដោះស្រាយបញ្ហាជូនបងប្អូនយើងជាប្រចាំផងដែរ តាមរយៈតំណាងថ្នាក់ដឹកនាំ ពីថ្នាក់ខេត្ត ដល់ថ្នាក់ក្រុង ស្រុក និងថ្នាក់មូលដ្ឋានតែម្ដង។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់ការជួបជុំគ្នានៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបញ្ជាក់អំពីទឹកចិត្ត និងបង្កើននូវស្មារតីសាមគ្គីជាតិ។ ម្យ៉ាងទៀតប្រសិនបើបងប្អូនមានបញ្ហាអ្វីនៅសេសសល់មិនទាន់ដោះស្រាយ សូមរាយការណ៍មកអាជ្ញាធររបស់យើង ដើម្បីធ្វើការដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ លោក អ៊ុច បូរិទ្ធ ប្រធានស្ដីពីព្រឹទ្ធសភា បានមានប្រសាសន៍ថា បើទោះជាបងប្អូនមានជំនឿសាសនាផ្សេងៗគ្នាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល ជានិច្ចកាលនៅតែ បានគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនយើង ។ ជាងនេះទៅទៀត សាមគ្គីភាពគឺជាសារៈសំខាន់ ពិសេសគឺវីរៈយុទ្ធជនរបស់យើង ដែលបានឃ្លាតពីឪពុកម្ដាយ ប្រពន្ធកូន នៅប្រចាំការជួរមុខ ប្រឈមជាមួយនឹងការឈ្លានពានរបស់ទ័ពសៀម ដែលឈ្លានពានទឹកដីកម្ពុជាយើង ។

លោកប្រធានស្ដីទីព្រឹទ្ធសភា បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំពីលើដល់ក្រោម ពោលគឺប្រទេសជាតិយើងទាំងមូល បានឯកភាពសាមគ្គីជាតិវេញជាធ្លុងមួយដើម្បីជួយដល់បងប្អូនយើងនៅជួរមុខ ក៏ដូចជាបងប្អូនភៀសសឹក ដែលជួបការលំបាកដោយសារសង្គ្រាមឈ្លានពាននោះ៕




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
