ក្រសួងទេសចរណ៍ បន្តដំណើរពិនិត្យ លើគោលនយោបាយសាកល្បង នៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្តល់យោបល់ លើយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគោល នយោបាយសាកល្បង នៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង ៤ខែ ឆ្នាំ២០២៦ ។

កិច្ចប្រជុំពិភាក្សាផ្តល់យោបល់ លើយន្តការត្រួតពិនិត្យ តាមដាន និង វាយតម្លៃនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងតំណាងផ្នែកឯកជន សរុបចំនួន ៥៤រូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា លើការកំណត់សូចនាករគន្លឹះសម្រាប់ទេសចរចិន, ត្រួតពិនិត្យ តាមដានវឌ្ឍនភាពការងារ, ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា សម្រាប់ទីផ្សារចិន និងយន្តការ M&E ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព នូវគោលនយោបាយសាកល្បង នៃការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង ៤ខែ ឆ្នាំ២០២៦ ដែលបានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឱ្យមានការ លើកលែងទិដ្ឋាការ ដល់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋ ប្រជាមានិតចិន (PRC) ទាំងអស់ទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសផ្សេងទៀត ក៏ដោយ ឱ្យតែកាន់ លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យកាន់តែច្រើននិង ទាញប្រយោជន៍សេដ្ឋកិច្ច ឱ្យបានច្រើនជាអតិបរមា។ រយៈពេលសាកល្បងនេះ អនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ (អំឡុងពេលរដូវកាលបៃតង)។ ភ្ញៀវចិន អាចស្នាក់នៅរយៈពេល ១៤ ថ្ងៃ ដោយភ្ញៀវចិន មកកម្ពុជា ប៉ុន្មានលើកក៏បាន (Multiple Entries) និងពុំតម្រូវឱ្យមានពាក្យស្នើសុំ និង ពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card ៕




