ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវប្រកាន់ខ្ជាប់គុណធម៌

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ក្រុមគ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងកិត្តិយស ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍ និងណែនាំនូវចំណុចសំខាន់ៗដល់ក្រុមគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាលថា ត្រូវខ្ជាប់គុណធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដែលផ្សារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ ។ ក្នុងនោះ បន្តពង្រឹងគុណភាពឱ្យកាន់តែប្រសើរឡើងទាំងសេវារដ្ឋ និងឯកជន ។
លោកបន្តថា គ្រូពេទ្យក៏ត្រូវបន្តពង្រឹង សមត្ថភាពនៃការសង្គ្រោះបន្ទាន់នៅគ្រប់កម្រិត ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសេវាឯកជនផងដែរ ។ ទន្ទឹមនឹងនេះ ក៏ត្រូវបង្កើនការបម្រើសេវា ជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស. ប្រកបដោយតម្លាភាពត្រឹមត្រូវ។

រដ្ឋមន្រ្តីសុខាភិបាល ក៏បានស្នើគ្រប់ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរ ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្តខិតខំប្រឹងប្រែងជំរុញការងារដោយការទទួលខុសត្រូវខ្ពស់ សុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនការសហការឱ្យកាន់តែជិតស្និទ្ធ៕

To Top