ព័ត៌មានជាតិ

ក្រសួង២ ណែនាំពីវិធានការមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរ មានតម្រូវការស្នើសុំសេវា ក្នុងវិស័យសាធារណការ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អំពីវិធានការមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរ មានតម្រូវការស្នើសុំសេវា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

យោងតាមសារាចរអន្តរក្រសួង ស្តីពី ការប្រើឯកសារសម្រាប់សម្គាល់អត្តសញ្ញាណបុគ្គល របស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនាថ្ងៃទី៩ មីនា ថា នាពេលកន្លងមក ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវសេចក្តីណែនាំ ជាបន្តបន្ទាប់សម្រាប់អនុវត្តមុខងារផ្តល់សេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមអង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញ ចូលតែមួយក្រុង ស្រុក ខណ្ឌ ក្នុងនោះបានតម្រូវ ឱ្យប្រជាពលរដ្ឋខ្មែរ ដែលស្នើសុំសេវាត្រូវភ្ជាប់នូវឯកសារច្បាប់ ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ។

លើមូលដ្ឋាននេះ នៅពេល អនុវត្តការងារជាក់ស្តែង ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួនមិនអាចដំណើរការបានដោយរលូន ដែលតម្រូវឱ្យដាក់ចេញនូវវិធានការបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ការណែនាំដល់ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អំពីវិធានការមួយចំនួនដែល ប្រជាពលរដ្ឋខ្មែរមានតម្រូវការស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ចាំបាច់ត្រូវភ្ជាប់មកជាមួយ នូវឯកសារណាមួយក្នុងចំណោមឯកសារ ដូចជា៖

១- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។
២- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ដោយត្រូវផ្តិតស្នាមខ្មៅដៃសាមីខ្លួនដោយផ្ទាល់នៅ ចំពោះមុខមន្ត្រីទទួលបន្ទុកផ្តល់សេវា និងត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើមសម្រាប់មន្ត្រីទទួលបន្ទុកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់។
៣-លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលច្បាប់ដើមដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
៤- លិខិតបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គលដែលចេញដោយអគ្គនាយកដ្ឋាន៕

To Top