ARDB និងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំនូវែលហ្សេឡង់ ចុះ MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មស្រូវអង្ករ
អូក្លិន-នូវែលហ្សេឡង់ ៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF), លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។

គោលបំណង និងខ្លឹមសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បង ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖
ទី១- ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។
ទី២- ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ។
ទី៣- តួនាទីជាស្ពានចម្លង ៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា “ស្ពានចម្លង” ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់ សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។ មួយវិញទៀត, កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ និងការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ មិនត្រឹមតែជាការពង្រីកទីផ្សារអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុង ការជួយលើកកម្ពស់ជីវភាព រស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារថ្មីៗ និងការធានាថា រាល់កិច្ចវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាកម្លាំងចលករក្នុងការជួយដល់បងប្អូនកសិករនៅមូលដ្ឋានផ្ទាល់៕








