ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ មិនត្រូវមើលរំលង ចំណុចខ្សោយ របស់ខ្លួនឡើយ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មិនត្រូវមើលរំលងចំណុចខ្សោយរបស់ខ្លួនឡើយ ដោយត្រូវទទួលស្គាល់ចំណុចទាំងនោះ ដើម្បីធ្វើជាជំហានឆ្ពោះ ទៅរកការកែលម្អឱ្យបានល្អប្រសើរឡើង។

នេះជាប្រសាសន៍របស់សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីសុខាភិបាលទាំងអស់ ដែលបានសហការយ៉ាងជិតស្និត ក្នុងការដឹកនាំ និងបម្រើសេវាសុខាភិបាល ជូនប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ដោយមិនទុកឱ្យនរណាម្នាក់ដោយមិនទទួបាលការថែទាំ និងព្យាបាលនោះឡើយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការជួបគ្នានៅពេលនេះ ដើម្បីបង្កើតជាឱកាសនៃការប្តេជ្ញាចិត្តទៅមុខបន្តទៀត ដើម្បីសម្រេចបានជោគជ័យ ។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្តសម្រាប់ឆ្នាំបន្ត ឱ្យទទួលបានការអភិវឌ្ឍ កាន់តែប្រសើរឡើងថែមទៀត ដូចជា ៖ពង្រឹងប្រព័ន្ធសុខាភិបាល ថែទាំសុខភាពសម្រាប់ប្រជាជន , ការបន្តបង្កើនគុណភាពសេវាឱ្យប្រសើរ , កែលម្អហេដ្ឋារចនាសម្ព័ន្ឋ និង សម្ភារបរិក្ខារ , ការបង្ការជំងឺឆ្លង និងស្រាវជ្រាវជំងឺមិនឆ្លង , សុខភាពមាតា ទារក និងកុមារត្រូវបង្កើនការ ថែទាំមុនពេលសម្រាល និង ក្រោយសម្រាល ធានាការសម្រាលដោយសុវត្ថិភាព និងពង្រីកកម្មវិធីអាហារូបត្ថម្ភកុមារ , លើកកម្ពស់ការចូល រួមរបស់សហគមន៍ , ការពង្រឹងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ និងបង្កើនកិច្ចសហការគ្រប់វិស័យ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញក្តីសង្ឃឹមដែរថា ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ នឹងយកបទពិសោធនៃការងារឆ្នាំកន្លង ទៅអនុវត្តក្នុងការកែលម្អ និងរៀបចំផែនការរបស់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យ និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

To Top