រដ្ឋមន្រ្តីកសិកម្ម ៖ ទោះជួបបញ្ហាប្រឈមធ្លាក់ថ្លៃស្រូវឆ្នាំ២០២៥ តែកសិករនៅតែអាចលក់ចេញបាន
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទោះបីជាកម្ពុជាបានជួបនូវបញ្ហាប្រឈមធ្លាក់ថ្លៃស្រូវឆ្នាំ២០២៥ ប៉ុន្តែកសិករនៅតែអាចលក់ចេញបាន ទោះបីជាថ្លៃមិនដូចការចង់បានរបស់ពួកគាត់ក៏ដោយ ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា លោក ឌិត ទីណា បានថ្លែងថា ឆ្នាំ២០២៥ ជាឆ្នាំពោលពេញទៅដោយព្រឹត្តិការណ៍ កើតឡើងយ៉ាងច្រើនទាំងបញ្ហាតម្លៃកសិកម្ម សង្គ្រាមឈ្លានរបស់ភាគីថៃមកលើកម្ពុជា និងបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា កំពុងឡើងកំដៅសង្គ្រាម ប៉ុន្តែប្រជាកសិករមិនដែលអត់ទីផ្សារនាំចេញនោះទេ ទោះបីតម្លៃខុសគ្នាបន្តិចបន្តួច ដោយសារក្រសួងនៅតែមានដំណោះស្រាយលើវិស័យ កសិកម្មប្រកបដោយជោគជ័យ ។
លោកថា “ព្រោះថា បើមិនជោគជ័យ មានន័យថា រលំរលាយអស់ហើយ វិស័យកសិកម្មមួយរលំរលាយមានន័យថាម៉េច យើងប្រាកដជាអត់មានអីហូប បងប្អូនប្រជាកសិករយើងប្រាកដជាឈប់ធ្វើកសិកម្ម នេះហើយហៅថា រលំរលាយ ប៉ុន្តែយើងបានឆ្លងផុតទោះបីមានការលំបាកក្តី”។
រដ្ឋមន្រ្តីអះអាងថា ការឆ្លងផុតពីបន្ទាត់ក្រហម លើវិស័យកសិកម្មនេះ តាមរយៈមន្រ្តីកសិកម្មបានពង្រាយ នៅតាមភូមិ-ឃុំ នាំគ្នាចុះទៅជួយដោះស្រាយ ឱ្យកសិករតាមរយៈការសម្រួលផ្នែកទីផ្សារ ឱ្យពួកគាត់មានលទ្ធភាពលក់ បន្តក្នុងតម្លៃអាចទទួលយក ដើម្បីទទួលថវិកាត្រឡប់មក ដោះស្រាយការចំណាយលើថ្លៃផ្សេងៗ និងមានលទ្ធភាពបង្កបង្កើនផលបន្តទៅមុខទៀត ៕
