ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការអញ្ជើញពីសំណាក់ព្រមទាំអនុប្រធាន គ.ជ.ប សមាជិក គ.ជ.ប និវត្តជន គ.ជ.ប និងអង្គពិធីទាំងមូល ទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅភ្នំពេញ។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ត្រូវបានបង្កើតឡើងស្របតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនតាមវិស័យ ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដើម្បីលើកកម្ពស់កិត្តិយសឲ្យសមនឹងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ការពារសិទ្ធិ ផលប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន និងនិវត្តជនពង្រឹងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាក គ្រោះថ្នាក់ មរណភាពដោយមិន ប្រកាន់ប្រភពដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនថា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក និងជាប្រធានដឹកនាំផ្ទាល់ សមាគមនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៧ ដែលមានឈ្មោះថា សមាគមអតីតយុទ្ធជនកម្ពុជា។
ក្រោយមកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស បានអនុម័តវិសោធនកម្មលក្ខន្តិកៈរបស់សមាគម ដោយប្តូរឈ្មោះពី “សមាគមអតីតយុទ្ធជនកម្ពុជា” ទៅជា “សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា”។
ប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិតស៊ូដ៏អង់អាចក្លាហានប្រកបដោយស្មារតី មនសិការ និងឧត្តមគតិស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុឯករាជ្យជាតិ សង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យ និងបូរណភាពដែនដី ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
ក្នុងបុព្វហេតុជាតិមាតុភូមិ ទឹកដីអង្គរដ៏បវរ យុទ្ធជន យុទ្ធនារី មន្រ្តីរាជការ និងប្រជាជនស៊ីវិលជាច្រើនបានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ប្រកបដោយវិរភាពដ៏ឧត្តុង្គឧត្តម។
ហេតុនេះអតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។
យោងតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អតីតយុទ្ធជន គឺសំដៅដល់បុគ្គលដែលធ្លាប់បម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ រីឯនិវត្តជន គឺសំដៅដល់បុគ្គលដែលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបាន បញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់ ប៉ុន្តែស្ថាប័ន គ.ជ.ប យើងពុំមានអតីតយុទ្ធជនទេ គឺមានតែនិវត្តជនប៉ុណ្ណោះ។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ១៩៩៧ គ.ជ.ប ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតស្របតាមការកំណត់នៃច្បាប់។ ដំបូងឡើយមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់គឺជាមន្រ្តីជាប់កិច្ចសន្យា ដែលបន្តនិរន្តរភាព ការងារមួយឆ្នាំម្តង រហូតដល់ឆ្នាំ២០១៥ ទើបមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់ត្រូវបានធ្វើសមាហរណកម្មបញ្ចូលទៅក្នុងលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីរាជការនៃ គ.ជ.ប រួមទាំងអ្នកដែលមានអាយុលើស ៦០ឆ្នាំ។
យោងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីរាជការនៃ គ.ជ.ប អ្នករាជការ គ.ជ.ប ដែលមាន អាយុលើសពីការកំណត់ អាចអនុញ្ញាតបន្តឱ្យធ្វើការបានតាមការស្នើសុំរបស់សាមីខ្លួនមួយឆ្នាំម្តង មិនឱ្យលើសពី ៤ដងទេ។
ប៉ុន្តែស្ថានភាពនៅពេលនោះ យើងមិនទាន់មានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើតបេឡា សន្តិសុខសង្គមផ្នែកប្រាក់សោធន រួមនឹងលក្ខខណ្ឌ និងនីតិវិធីស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប ដែលជាហេតុនាំឱ្យការដាក់អ្នករាជការ គ.ជ.ប ចូលនិវត្តត្រូវបានពន្យារពេល។
នៅចុងឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនាពេលនោះ បានឯកភាពតាមសំណើរបស់ គ.ជ.ប អនុញ្ញាតឲ្យ គ.ជ.ប អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្រ្តីរាជការ គ.ជ.ប ដូចគ្នានឹងការអនុវត្តសម្រាប់មន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ រហូតដល់មានលិខិត បទដ្ឋានគតិយុត្តថ្មី ដែលអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមមកជំនួស ហើយរដ្ឋចូលរួមបង់ភាគទានក្នុង ទំហំ៧ភាគរយនៃប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ ខណៈអ្នករាជការ គ.ជ.ប ត្រូវបង់ភាគទាន ៦ភាគរយនៃប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ថ្ងៃនេះ ក្រៅពីការប្រកាសដាក់=jyដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ក៏ជាឱកាសជួប និងសំណេះសំណាលដ៏មានអត្តន័យដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងមន្រ្តី គ.ជ.ប ជំនាន់មុន និងមន្រ្តី គ.ជ.ប បច្ចុប្បន្នប្រកបដោយក្តីនឹករលឹក ភាពកក់ក្តៅ និងភាពស្និទ្ធស្នាល ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតមន្រ្តី គ.ជ.ប ដែលធ្លាប់មានគុណបំណាច់ជាច្រើនឥតគណនាក្នុងការបម្រើការងារជូន គ.ជ.ប នាពេលកន្លងមក។
ម្យ៉ាងទៀត កម្មវិធីនាពេលនេះក៏ជាឱកាសដ៏កម្រមួយ ដែលបងប្អូនជានិវត្តជន គ.ជ.ប ទាំងអស់បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក និងបានរំលឹកអំពីអនុស្សាវរីយ៍ល្អៗក្នុងពេលបំពេញបេសកកម្មបម្រើជាតិ និងស្ថាប័នជាមួយគ្នាក្នុងរយៈពេលកន្លងទៅ៕
