ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រគល់-ទទួល ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ ចំនួន២ទីតាំង នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ជូនក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួល ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ចំនួន២ទីតាំង នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ជូនក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគ្រប់គ្រង និងចាត់ចែង។

ពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហែម វណ្ឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

មានប្រសាសន៍ស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីព័ត៌មានសង្ខេបនៃការងារសាងសង់ និងសមត្ថភាពនៃការផ្គត់ផ្គង់ទឹករបស់ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ទាំងពីរទីតាំងខាងលើ។

លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ជូនថា ពិធីប្រគល់-ទទួលនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្នា យ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមឆត្រនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ក្នុងន័យនេះ ក្រសួង ស្ថាប័ននានា បានសហការគ្នាជាសហថាមពល ដើម្បីអនុវត្តអភិក្រម”ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅរួមគឺ បម្រើផលប្រយោជន៍ជូនប្រជាជនឱ្យមានប្រសិទ្ធភាព។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍រួចមក លោក ហែម វណ្ឌី បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយ សុភវិនិច្ឆយរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលគិតគូរខ្ពស់លើសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជនបទ។

លោក ហែម វណ្ឌី ក៏បានជម្រាបជូនអំពីតួនាទីដ៏សំខាន់ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលប្រើប្រាស់ប្រកបគុណភាព ដូចដែលរាជរដ្ឋាភិបាលបានកំណត់ ជាអាទិភាពគន្លឹះទី៣ ក្នុងយុទ្ធបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា។

ជាមួយគ្នានោះដែរ ហែម វណ្ឌី បានប្ដេជ្ញាក្នុងការអនុវត្តគម្រោងនេះ ឱ្យមានប្រសិទ្ធភាព និងមាននិរន្ដរភាព ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសុខុមាលភាព កម្រិតជីវភាព និងសេដ្ឋកិច្ចនៅតំបន់ជនបទកាន់តែប្រសើរឡើង និងឈានទៅសម្រេចនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។

សូមជម្រាបជូនថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ទាំង ២ទីតាំង ខាងលើ ស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប មានប្រជាជនទទួលផលប្រមាណ ២០០០គ្រួសារស្មើរនិង ១០៦០០នាក់ មានសមត្ថភាពផ្គត់ផ្គង់ទឹកប្រមាណ ៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ស្ថិតក្នុងក្របខ័ណ្ឌ កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា (RID4CAM) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូនិធិសហភាពអឺរ៉ុប (EU/AIF) ហើយពិធីប្រគល់-ទទួល នេះទៀតសោធ មានគោលបំណងដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាត ដែលមានលក្ខណៈស្ដង់ដា ពេលលេញជូនប្រជាពលរដ្ឋ នៅតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជា៕

To Top