ព្រៃវែង ៖ នៅពេលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថា ជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស បានបន្តជំរុញ និងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលាដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
ក្នុងពិធីសម្ពោធអគារសិក្សា២ខ្នង មាន៨បន្ទប់ និងកន្លែងលាងដៃ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបានអនុវត្តលើវិស័យទាំង៤ និងគោរពគោលការណ៍គ្រឹះទាំង៧។
គោលការណ៍ទាំងនោះ មានជាអាទិ៍ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យ ឯករាជភាព សេវាស័្មគ្រចិត្ត ឯកភាព និងសកលភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។
បើតាម លោកឧបនាយករដ្ឋមន្ត្រី បេសកកម្មសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មិនមែនផ្ដោតតែលើមូលដ្ឋានខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរួមចំណែកជួយជាតិនិងប្រជាជនក្នុងបេសកម្មមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនសកម្មភាពទៀត ក្នុងនោះជាពិសេសចុងក្រោយនេះ បានចូលរួមចំណែកគាំទ្រការសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋភៀសសឹក និងជនងាយរងគ្រោះ ដោយសារអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជា និងរំលោភច្បាប់អន្តរជាតិពីសំណាក់រដ្ឋាភិបាល និងយោធាថៃ។
លោក បានសង្កត់ធ្ងន់ក្នុងន័យដើមថា «យើងម្នាក់ៗនៅមានកាតព្វកិច្ចរួមចំណែកជួយប្រជាពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតដែលមិនទាន់អាចវិលទៅលំនៅឋាន»៕





