នាយឧត្តមសេនីយ៍ ស ថេត បញ្ជាដល់កម្លាំងនគរបាល បន្ដបោសសម្អាត Online Scams ឲ្យអស់ ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ លើឆាកអន្ដរជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីស្ដារមុខមាត់កម្ពុជា ឡើងវិញលើឆាកអន្ដរជាតិ។

ការដាក់បទបញ្ជាជាថ្មីរបស់ នាយឧត្តមសេនីយ៍ ស ថេត ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបំពេញ បេសកកម្មប្រកបដោយ ក្រមសីលធម៌ ជំនាញ វិជ្ជាជីវៈ ឲ្យសក្តិសមជាមន្ដ្រីនគរបាលជាតិ ដែលជាអ្នកអនុវត្តច្បាប់ និងគោរពនូវបទបញ្ជាថ្នាក់ដឹកនាំតាមឋាននុក្រម ហើយត្រូវបញ្ចៀសនូវរាល់បាតុភាព អសកម្មណាមួយ នៅក្នុងរង្វង់ប្រតិបត្តិការរបស់កម្លាំងជំនាញ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams មិនមែនធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជា បន្ដឆន្ទៈខ្ពស់ក្នុងការបោសសម្អាតបទល្មើសនេះជារៀងរហូត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ និងបញ្ចប់នូវមតិតិះតៀនមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា។

បើតាម នាយឧត្តមសេនីយ៍ ស ថេត នៅពេលបច្ចុប្បន្ននេះ មជ្ឈដ្ឋានអន្ដរជាតិ បានទទួលស្គាល់នូវអ្វី ដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសនេះ ដូច្នេះហើយមន្ដ្រីនគរបាលជាតិ ត្រូវតែបន្ដកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្ដាអង្គភាពដទៃពាក់ព័ន្ធ ដើម្បីរួមដៃគ្នាអនុវត្តនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់ប្រមូលផ្តុំរបស់រាជរដ្ឋាភិបាល៕




