ព័ត៌មានជាតិ

កម្ពុជា មិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយ តាមការអះអាងជាឯកតោភាគី ដោយប្រទេសថៃឡើយ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជា មិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយ តាមការអះអាងជាឯកតោភាគី ដោយប្រទេសថៃឡើយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា នៅចុងសប្តាហ៍នេះ កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀត ប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

កម្ពុជា តវ៉ានៅទីតាំងបន្ថែម ដូចជា ៖ នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថា ជាផ្ទះកំពុងឆេះនៅ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា កម្លាំងប្រដាប់អាវុធថៃ ។ ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ ដោយខុសច្បាប់នៃកង។ នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធ ថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែល លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែង ចែកដីចំនួន៣កន្លែង ដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ។

រាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា «កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្រប ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ»៕

To Top