ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា NBC បានចេញប្រកាសជាផ្លូវការស្តីពី ការផ្តល់សន្និធិយីភាពបន្ទាន់ Emergency Liquidity Assistance – ELA

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា NBC បានចេញប្រកាសជាផ្លូវការស្តីពី ការផ្តល់សន្និធិយីភាពបន្ទាន់ Emergency Liquidity Assistance – ELA សំដៅគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលជួបប្រទះបញ្ហាកង្វះសាច់ប្រាក់បណ្តោះអាសន្ន ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពហិរញ្ញវត្ថុជារួមនៅក្នុងប្រទេស។

យន្តការគាំទ្រ និងនិយមន័យសំខាន់ៗ
យោងតាមប្រកាសដែលចុះហត្ថលេខាដោយ លោកជំទាវ ជា សិរី អគ្គភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ យន្តការនេះត្រូវបានបង្កើតឡើងក្នុងនាមធនាគារជាតិជា «អ្នកឱ្យខ្ចីចុងក្រោយ» (Lender of Last Resort)។ ក្នុងនោះមានឧបករណ៍សំខាន់ៗចំនួនពីររួមមាន:

ELA: ការផ្តល់សាច់ប្រាក់បន្ទាន់សម្រាប់គ្រឹះស្ថានដែលមានសោធនភាព (Solvency) ប៉ុន្តែខ្វះខាតសាច់ប្រាក់។

MLF (Marginal Lending Facility): ឧបករណ៍ផ្តល់សន្និធិយីភាពរយៈពេលខ្លី (Overnight) ជាប្រាក់រៀល ដើម្បីសម្រួលដល់ការគ្រប់គ្រងសាច់ប្រាក់ប្រចាំថ្ងៃ។

ដើម្បីអាចទទួលបានសន្និធិយីភាពបន្ទាន់នេះ គ្រឹះស្ថានហិរញ្ញវត្ថុត្រូវបំពេញតាមលក្ខខណ្ឌតឹងរ៉ឹង រួមមាន៖

  • ត្រូវតែជាគ្រឹះស្ថានដែលមាន សោធនភាព (មានដើមទុនគ្រប់គ្រាន់តាមកំណត់ក្នុងរយៈពេល ៦ខែចុងក្រោយ)។
  • មាន ទ្រព្យបញ្ចាំ ដែលអាចទទួលយកបាន (ដូចជា មូលបត្ររដ្ឋ ជាដើម)។
  • ត្រូវបង្ហាញពីផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសាច់ប្រាក់ និងការសងត្រឡប់មកវិញ។
  • គ្រឹះស្ថានជាបុត្រសម្ព័ន្ធធនាគារបរទេស ត្រូវស្វែងរកការគាំទ្រពីក្រុមហ៊ុនមេជាមុនសិន។

ការផ្តល់ឥណទាននេះនឹងត្រូវអនុវត្តតាមអត្រាការប្រាក់ដែលកំណត់ដោយធនាគារជាតិ៖
ប្រាក់រៀល៖ អត្រាការប្រាក់ MLF + ២%។
ប្រាក់ដុល្លារអាមេរិក៖ ផ្អែកលើអត្រា MLF, SOFR និងការបន្ថែមភាគរយជាក់ស្តែង (Premium)។
រយៈពេលនៃការផ្តល់ ELA ជាដំបូងគឺ ៦ខែ ហើយអាចបន្តបាន ៦ខែទៀត ផ្អែកលើការវាយតម្លៃជាក់ស្តែង។

ក្នុងអំឡុងពេលទទួលបានជំនួយសាច់ប្រាក់នេះ គ្រឹះស្ថានត្រូវជាប់កម្រិតលើសកម្មភាពមួយចំនួនដូចជា ហាមបែងចែកភាគលាភ, ហាមតម្លើងប្រាក់បៀវត្សរ៍ដល់ថ្នាក់ដឹកនាំខ្ពស់, និងហាមការវិនិយោគថ្មីៗ។ រាល់ព័ត៌មាននៃការស្នើសុំ និងការអនុវត្តត្រូវរក្សាជាការសម្ងាត់បំផុត ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តពីសាធារណជន។

ការដាក់ចេញនូវប្រកាសនេះ បង្ហាញពីជំហានយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌការពារមុន (Safety Net) ដើម្បីធានាថាប្រព័ន្ធធនាគារកម្ពុជានៅតែរឹងមាំ ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចប្រែប្រួលក៏ដោយ។

ដោយ៖ សយ រិទ្ធី

To Top