ព័ត៌មានជាតិ

តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ អណត្តិទី៦

ពោធិ៍សាត់៖ ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អង្គសន្និបាតបានដំណើរការទៅយ៉ាងរលូន ដោយមានការចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ និងសមាជិកសមាជិកាពេញសិទ្ធិចំនួន ៥៣រូប។

បន្ទាប់ពីលោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាអាណត្តិទី៥ បានថ្លែងសុន្ទរកថាបើក អង្គសន្និបាតបានឆ្លងរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុអាណត្តិទី៥ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អាណត្តិទី៦ ដោយមានការចូលរួមមតិគាំទ្រយ៉ាងផុសផុល ពីតំណាងអនុសាខាក្រុង-ស្រុកនានា។

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិទី៦
ជាលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់ និងសម្ងាត់ អង្គសន្និបាតបានផ្តល់សេចក្តីទុកចិត្តយ៉ាងលើសលប់ (៥៣ លើ ៥៣ សំឡេង) ជូនដល់បេក្ខជនទាំង១៥រូប។ តាមរយៈកិច្ចប្រជុំលើកទី១ គណៈកម្មាធិការថ្មី បានសម្រេចជ្រើសរើសសមាសភាពថ្នាក់ដឹកនាំរួមមាន៖
ទី១. ឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខា
ទី២. លោក ហៀម ឃួន ជាអនុប្រធានអចិន្ត្រៃយ៍
ទី៣. លោក កាង ប៉េងហាក់ ជាអនុប្រធាន
ទី៤. លោក ស៊ុន ហេង ជាហេរញ្ញិក
ទី៥. លោក លី សុគន្ធី ជាលេខាធិការ
ព្រមទាំងសមាជិក សមាជិកា ចំនួន១០រូបផ្សេងទៀត ដែលសុទ្ធសឹងជាបុគ្គលមានសមត្ថភាព និងឆន្ទៈខ្ពស់ក្នុងកិច្ចការមនុស្សធម៌។

ក្នុងឱកាសនោះ លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាអាណត្តិថ្មី បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ នៃចលនាអន្តរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង កៀរគរមូលនិធិ និងពង្រីកកម្លាំងយុវជន-អ្នកស្ម័គ្រចិត្ត ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះទូទាំងខេត្ត។

មានអនុសាសន៍ណែនាំ និងការអបអរសាទរពីថ្នាក់កណ្តាល
ក្នុងពិធីបិទសន្និបាត, លោកស្រី ពុំ ចន្ទីនី បានអានសេចក្តីថ្លែងការណ៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអបអរសាទរ និងទទួលស្គាល់ជាផ្លូវការនូវសមាសភាពគណៈកម្មាធិការថ្មី។ ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីជាត្រីវិស័យសម្រាប់អាណត្តិថ្មី៖
ទី១. ពង្រឹងអភិបាលកិច្ច និងសាមគ្គីភាព៖ រក្សាសុខដុមណីយកម្មរវាងគណៈកម្មាធិការ និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ព្រមទាំងអនុវត្តការងារដោយតម្លាភាពតាមច្បាប់របស់កាកបាទក្រហម។
ទី២. អភិវឌ្ឍធនធានមនុស្ស៖ បន្តបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាដល់ក្រុមប្រតិបត្តិ និងពង្រីកបណ្តាញយុវជនឱ្យកាន់តែទូលំទូលាយ។
ទី៣. ការងារសុខភាព និងបរិស្ថាន៖ បង្កើនការយល់ដឹងពីការប្រែប្រួលអាកាសធាតុ សុខភាពមាតា និងទារក និងការទប់ស្កាត់ជំងឺឆ្លងនានា។
ទី៤. ការផ្សព្វផ្សាយ៖ ពង្រីកការផ្សព្វផ្សាយអំពីអំពើល្អ និងភាពត្រឹមត្រូវរបស់សមាគមជាតិទាំងក្នុង និងក្រៅប្រទេស។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក។

សូមបញ្ជាក់ផងដែរថា សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ គឺជាសាខាទី២២ហើយ ក្នុងចំណោមសាខាទាំង២៥រាជធានី-ខេត្ត ដែលបានរៀបចំសន្និបាតអាណត្តិថ្មី ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារមនុស្សធម៌ឱ្យកាន់តែរឹងមាំ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top