ព័ត៌មានជាតិ

អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប៖ “ការការពារធនធានធម្មជាតិព្រៃលិចទឹក គឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា”

កំពង់ធំ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា” ការលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបានដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះ និងជាធនធានធម្មជាតិកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ លោក ហ៊ែល តូនី បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោងជាពិសេសលោក សាយ គឹមឡម ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងនៅក្នុង ទីបញ្ជាការស្រាលទាំង៥ទីតាំង ដែលបានលះបង់សព្វបែបយ៉ាងក្នុងការការពារនូវធនធានធម្មជាតិពីការរុករានទន្ទ្រានពីជនឱកាសនិយមបានល្អប្រសើរកន្លងមក។

លើសពីនេះលោក  បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង សូមបន្តវប្បធម៌និងចូលរួមថែរក្សាការពារតំបន់ជីវៈចម្រុះ ទីតាំងអភិរក្សនិងព្រៃរនាមព្រៃលិចទឹក ដែលជាជម្រកត្រីពង និងគម្របធម្មជាតិឱ្យបានគង់វង្សស្ថិតស្ថេរតទៅ ព្រោះជាតំបន់រណប នៃរ៉ាមសារស្ទឹងសែន រ៉ាមសារទន្លេឆ្មានិងបឹងទន្លេសាប៕

ដោយ៖ សំនៀង

To Top