ព័ត៌មានជាតិ

ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៦

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ មានអ្នកចូលរួម ៤,២៣៨នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានឱ្យដឹងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,២៣៨នាក់ និងមាន ៣៧ទីតាំង (១ទីតាំង ជាស្នាក់ការកណ្តាល ប៊ែលធី គ្រុប ៣ទីតាំងជាសាកលវិទ្យាល័យ និង ៣៣ទីតាំងជាសាលា)។ ឯកឧត្តម បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ១-ប៊ែលធីសំណង់ ២-ប៊ែលធីទេសចរណ៍ ៣-សាលា ប៊ែលធី អន្តរជាតិ ៤-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៥-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៦-មជ្ឈមណ្ឌលតេស្តអន្តរជាតិ ៧-ប៊ែលធីស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) និង ៨-មូលនិធិសប្បុរសធម៌ ប៊ែលធី ។

ជាពិសេសការិយាល័យ MONASH – BELTEI IU Cambodia ដែលប៊ែលធីបានចុះកិច្ចព្រមព្រៀងជាមួយ MONASH University ដែលជាសាកលវិទ្យាល័យដ៏ល្អនៅអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី។ ថ្នាក់ឆ្នាំមូលដ្ឋាន MONASH – BELTEI IU Cambodia នឹងចូលរៀននៅដើមខែតុលា ឆ្នាំ២០២៦ ខាងមុននេះ។

សម្រាប់ឆ្នាំ២០២៦នេះ ប៊ែលធី គ្រុប បានដាក់ចេញទិសដៅអនុវត្ត ១២ចំណុច រួមមាន ៖

១-ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
២-បន្តអនុវត្ត E-BELTEI GROUP (ប៊ែលធី គ្រុប អេឡិចត្រូនិច) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង E-School (SMS), E-University (UMS) និង Mobile Apps (BELTEI IS App, BELTEI IU App និង BELTEI E-Learning Cambodia)
៣-គ្រោងដាក់ឱ្យដំណើរការកម្មវិធី Mobile App ថ្មី “BELTEI E-Learning Cambodia” ដែលជាការសិក្សាបែបឌីជីថល សម្រាប់សិស្ស-និស្សិតទូទៅ អ្នកសិក្សាជាតិ-អន្តរជាតិ ជាពិសេសប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស អាចរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង
៤-អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំនៅគ្រប់កម្រិត-ថ្នាក់ទាំងសាលា និងសាកលវិទ្យាល័យ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៥-ពង្រឹងការគោរពវិន័យរបស់សិស្ស-និស្សិត ជាពិសេសអវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៦-ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ៖ សិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបពី ៩៥% ឡើងទៅ, សិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ពី ៩០% ឡើងទៅ និងសិស្សភាសាចិនទូទៅ ត្រូវបានពិន្ទុតេស្ត HSK ១៨០ពិន្ទុឡើង ពី ៩០% ឡើងទៅ
៧-បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
៨-បើកវគ្គបំប៉ន (On the Job Training) ផ្នែកគរុកោសល្យ ជូនសាស្ត្រាចារ្យ-លោកគ្រូ-អ្នកគ្រូ ដើម្បពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ
គ្រូបង្រៀន ព្រមទាំងបើកវគ្គបំប៉នជំនាញតាមផ្នែកនីមួយៗ ឱ្យកាន់តែមានជំនាញច្បាស់លាស់ (Train to be professional)
៩-ពង្រឹងគុណភាពបណ្តុះបណ្តាលភាសាចិននៅគ្រប់កម្រិត-ថ្នាក់ ទាំងផ្នែកមហាវិទ្យាល័យចិន កម្មវិធីភាសាចិនទូទៅ និងកម្មវិធី២ភាសា – អង់គ្លេស-ចិន (ECSL) ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១០-ខិតខំបញ្ចប់ការសាងសង់អគារសាកលវិទ្យាល័យទី៣-ទួលពង្រ, អគារស្នាក់នៅនិស្សិត, មជ្ឈមណ្ឌលកីឡា, អគារស្រាវជ្រាវនិងបោះពុម្ព (BELTEI University Press) ព្រមទាំងពង្រឹងផ្នែកនិពន្ធ និងផ្នែកបោះពុម្ព ឱ្យដំណើរការកាន់ល្អប្រសើរបន្ថែមទៀត
១១-ការិយាល័យ MONASH – BELTEI IU Cambodia នឹងបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀននៅខែតុលា ឆ្នាំ២០២៦ ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី
១២-ពង្រឹងផ្នែកអ្នកលក់នៅតាមសាខា ដោយត្រូវគោរពបទបញ្ជាផ្ទៃក្នុង មានភាពស្មោះត្រង់ (មិនលក់ទំនិញហាមឃាត-ទំនិញខូចគុណភាព) មានអនាម័យខ្ពស់ និងជំរុញការលក់ផលិតផលខ្មែរ (Made in Cambodia)។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំង ជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន ២៦រូប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ១៤៩រូប នាពេលនោះ ផងដែរ៕

To Top