ព័ត៌មានជាតិ

កូរ៉េខាងត្បូង ៖ ពលករ និងសហគមន៍ខ្មែរ ៥០០០នាក់ បានចូលរួមគាំទ្រ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈ ដែលសហការរៀបចំ ដោយក្រសួងការងារ និងវិស័យឯកជន

សាធារណរដ្ឋកូរ៉េ៖ ពលករ និងសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ៥០០០នាក់ នាថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ នេះ បានចូលរួមគាំទ្រ ក្នុងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈដែលសហការរៀបចំ ដោយក្រសួងការងារ និងវិស័យឯកជនដើម្បផ្តល់ការសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់។

នៅក្នុងមហាព្រឹត្តិការណ៍នេះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំង លោក​ សេង សក្តា រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងមហាព្រឹត្តិការណ៍ការប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈ នៅសាលមហោស្រព SINTEX តំបន់ហ្វាសុង សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោក​ ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោក​ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានរៀបចំវេទិកាសប្បុរសធម៌ ក្នុងការកៀរគរជំនួយឧបត្ថម្ភជូនដល់បងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានផងដែរ។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ លោករដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េទាំងអស់ផងដែរ ។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានស្នើ ឱ្យបងប្អូនទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ និងត្រូវប្រកាន់ខ្ជាប់ នូវការគោរពច្បាប់ ក៏ដូចជាវប្បធម៌រស់នៅរបស់ប្រទេសកូរ៉េ ឱ្យបានល្អប្រសើរ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

លើសពីនេះ លោកក៏បានណែនាំបងប្អូនឱ្យចេះ ចាប់យកប្រយោជន៍ ជាអតិបរមាពីបទពិសោធ នៃការស្នាក់នៅ និងធ្វើការនៅទីនេះ ដើម្បីក្រេបជញ្ជក់ យកចំណេះដឹងបច្ចេកវិទ្យាទំនើបៗ និងបទពិសោធការងារល្អៗ ទៅចូលរួមអភិវឌ្ឍ ប្រទេសជាតិ នៅពេលត្រឡប់មកវិញ ។ លោកបានសង្កត់ធ្ងន់ថា រាល់ចំណេះជំនាញ និងទម្លាប់ការងារល្អៗទាំងនេះ នឹងក្លាយជា “ទុនវិនិយោគផ្នែកបញ្ញា” ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍ សង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងរឹងមាំបន្ថែមទៀត ៕

To Top