គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បួនគន្លង សម្រេចការងារបាន ៩៥,៥% ហើយ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ បានចូលរួមជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ) ប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារបានចំនួន ៩៥,៥% ។

ទន្ទឹមនិងនេះ អាជ្ញាធរខេត្តបានពន្លឿនក្រុមហ៊ុនម៉ៅការ ដើម្បីស្ថាបនាឱ្យរួចរាល់ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយបានសំណូមពរដល់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារដើម្បីពង្រឹងគុណភាពផ្លូវ និងត្រូវចុះអនុវត្តការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ៕



អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
